កំពង់ចាមតាមប្រមាញ់ក្រុមជនសង្ស័យប្លន់នៅផ្សារធំ

2017-02-06 19:43:34

  អំពើប្លន់ប្រដាប់អាវុធមួយនៅក្នុងកន្លែងសេវាផ្ញើរប្រាក់ក្នុងក្រុងកំពង់ចាមខេត្តកំពង់ចាម កំពុងស្ថិតក្នុងការតាម ប្រមាញ់ចាប់ខ្លួនជនសង្ស័យ។ សមត្ថកិច្ចបានបញ្ជាក់ថាអំពើប្លន់ប្រដាប់អាវុធនោះ បានកើតឡើងកាលពីព្រឹកថ្ងៃ ទី៥កុម្ភៈ  នៅចំណុចសេវាផ្ញើប្រាក់យីហោរ«សុខ លក្ខិណា» នៅមុខផ្សារធំ…ភូមិទី១២…សង្កាត់កំពង់ចាម ក្រុង កំពង់ចាម។ សាក្សីបាននិយាយថា នៅម៉ោង៧និង២០នាទីព្រឹក ជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាក លេខ ប្រដាប់ដោយអាវុធខ្លីផងដែរ បានធ្វើដំណើរពីទិសខាងជើងមកខាងត្បូង។ ក្រុមជន សង្ស័យនេះ បានរង់ចាំស្ត្រីជាម្ចាស់ហាងដែលធ្វើដំណើរតាមរថយន្តម៉ាក់ Lexus RX300 ពណ៌ខ្មៅ ។ នៅពេល ស្ត្រីម្ចាស់ហាងចុះពីរថយន្ត ក្រុមចោរបានធ្វើសកម្មភាពយកកាំភ្លើងខ្លី ភ្ជង់និងប្រតាយប្រតប់ទាញយកកាបូប ស្ពាយ…ហើយក្រុមទាំងនេះ បានគេចខ្លួនបាត់ស្រមោល។ ស្រ្តីម្ចាស់ហាងឈ្មោះ សេង លក្ខិណា អាយុ៤៥ឆ្នាំ  បានរងនឹងការបាត់ប្រាក់ដុល្លារចំនួន៣ពាន់ដុល្លារ…ប្រាក់រៀលចំនួន៤លានរៀល… គ្រឿងអលង្កាសរុបតម្លៃ ៥ ពាន់ដុល្លារ និងទូរស័ព្ទចំនួនបួនគ្រឿងថែមទៀត។ អធិការរងក្រុងកំពង់ចាម លោក វរសេនីត្រី  រស់ សារ៉ាន់ បាន ថ្លែងថា  ក្រុមចោរទាំង៣នាក់នេះ គឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចកំពុងតាមប្រមាញ់។ 

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ