៩រយនាក់ត្រៀមបរិច្ចាកឈាមថ្ងៃ Valentine’s Day

2017-02-10 19:12:50

 មនុស្សចំនួន៩រយនាក់ គ្រោងនឹងផ្តល់ឈាមក្នុងឪកាសទិវានៃក្តីស្រឡាញ់១៤កុម្ភៈនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ សេចក្តីជូនដំណឹងពីក្រសួងសុខាភិបាលបានអោយដឹងថាអ្នកគ្រោងបរិច្ចាកឈាមទាំង៩០០នាក់នេះ គឺរួមមានសិស្ស និស្សិតនិងប្រជាជននានាផងដែរ។ ការបរិច្ចាកឈាមថ្ងៃValentine’s Day ទី១៤កុម្ភៈខាងមុខនេះ នឹងធ្វើក្រោមប្រធានបទ«ផ្តល់ឈាម ផ្តល់ក្នុងស្រឡាញ់»។

នៅក្នុងប្រទេសកម្ពុជាដែលមានចំនួនមនុស្ស១៥លាននាក់នេះ ទំហំបរិច្ចាកឈាម ត្រូវគេឃើញថាមានទំហំតិច ជាងសេចក្តីត្រូវការ។ សេចក្តីរាយការណ៍បានអោយដឹងថា ក្នុងប្រទេសកម្ពុជាក្នុងចំណោមមនុស្ស១ពាន់នាក់ អ្នកបរិច្ចាកឈាមមានតែប្រមាណ៤នាក់ប៉ុណ្ណោះ ដែលទំហំបរិច្ចាកនេះ មានចំនួនតិចជាងការស្នើរបស់អង្គ ការសុខភាពពិភពលោក WHO ដែលនិយាយថា ប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជានេះ តួលេខនៃការ ផ្តល់ឈាម គប្បីមានយ៉ាងតិចបំផុត១០នាក់ក្នុងចំណោម១ពាន់នាក់។

 

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ កន្លងមក មជ្ឈមណ្ឌលបានផ្គត់ផ្គង់ឈាមប្រមាណ ៦ពាន់៣០០ប្លោក នៅទូទាំងប្រទេស។ លោកបានថ្លែងថា កំណើននៃ សេចក្តីត្រូវការឈាមឆ្នាំ២០១៧នេះ អាចមានរហូតដល់ ២០ភាគរយ ច្រើនជាងឆ្នាំ២០១៦។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបន្ថែមថា តម្រូវការឈាមនៅក្នុងរាជធានីភ្នំពេញ មានប្រមាណ១៥០ប្លោក… ហើយនៅទូទាំង ប្រទេស តម្រូវការឈាម មានប្រមាណ២០០ប្លោកជារៀងរាល់ថ្ងៃ សម្រាប់ជួយជីវិតជនរងគ្រោះ៕

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ