ថ្ងៃចន្ទ ទី11 ខែធ្នូ ឆ្នាំ2017

ប្រមុខរដ្ឋឡាវទស្សនកិច្ចកម្ពុជាសប្តាហ៍ក្រោយ

2017-02-17 19:39:26

  ប្រធានរដ្ឋនៃប្រទេសឡាវ គ្រោងនឹងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាចំនួន២ថ្ងៃនៅសប្តាហ៍ក្រោយ ដែល ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។ ដំណើរទស្សនកិច្ចបានធ្វើនៅគ្រាដែល មានភាពប្រឈមរបស់ទាហានឡាវដែលរារាំងកងវិស្វកម្មយោធាកម្ពុជាកំពុងធ្វើផ្លូវអភិវឌ្ឍន៍តាមបណ្តោយព្រំ ដែនខេត្តស្ទឹងត្រែង។ ប្រមុខរដ្ឋនៃប្រទេសឡាវ ឯកឧត្តម ប៊ុនញ៉ាំង វរជីត នឹងស្ថិតក្នុងប្រទេសកម្ពុជារវាងពីថ្ងៃទី ២២ដល់២៣កុម្ភៈ។  សេចក្តីរាយការណ៍របស់ក្រសួងការបរទេសកម្ពុជាបានអោយដឹងថា ក្រោយការចូលក្រាប បង្គំគាល់ព្រះករុណាព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តមសីហមុនី ប្រមុខរដ្ឋនៃប្រទេសឡាវ នឹងអញ្ជើញ ជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភា.. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា.. និងសម្តេចអគ្គមហាសេនាបតី តេ ជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ មិន មានសេចក្តីរាយការណ៍ បញ្ជាក់បន្ថែម អំពីគម្រោងនៃខ្លឹមសារជំនួបជាមួយនឹងថ្នាក់ដឹកនាំរបស់កម្ពុជានោះទេ ប៉ុន្តែក្រសួងការបរទេសកម្ពុជាបានចាត់ ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋនៃប្រទេសឡាវត្រូវ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីលើកកំពស់ បន្ថែមទៀតនូវចំណងមិត្តភាព និងពង្រឹងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសនិងប្រជាជនទាំងពីរ។

 ដំណើររបស់ប្រមុខរដ្ឋនៃប្រទេសឡាវ បានធ្វើក្រោយទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសឡាវលោកសាឡើមសៃ គុមម៉ាសិទ្ធ និងការជួបគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងឡាវកាលពីខែមករាកន្លងមក ដែលផ្តោតលើកិច្ចសហប្រតិ បត្តិការព្រំដែនរវាងប្រទេសទាំង២។ កម្ពុជា និងឡាវ មានព្រំដែនគោករួមគ្នាប្រវែង៥៤១ គីឡូម៉ែត្រ។ រហូតមក ទល់ពេលនេះ ឡាវ និងកម្ពុជា ទើប បានសម្រេចលើការបោះបង្គោលព្រំដែនរួមបានចំនួន ១២៦ បង្គោលដែល ស្មើនឹង៨៧% នៃកិច្ចការបោះ បង្គោល ព្រំដែនរវាងប្រទេសទាំង២។ ដំណើរទស្សនកិច្ចនេះដែរ បានធ្វើឡើងក្នុង ខែកុម្ភៈដែលមានសេចក្តីរាយការណ៍ពីព្រំដែនខេត្តស្ទឺងត្រែងដែលមានទាហានឡាវបានរារាំងកម្លាំងវិស្វកម្មយោធាដែលកំពុងធ្វើថ្នល់របស់កម្ពុជានៅតាមតំបន់អភិវឌ្ឍន៍ព្រំដែននៃខេត្តស្ទឹងត្រែង។ ការរារាំងរបស់ទាហានឡាវ បានបន្តរហូតមកទល់នឹងថ្ងៃនេះថែមទៀត។

 

។។។។

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ