តេជោសែនណែនាំការខុសគ្នារវាងធនាគាររដ្ឋនិងឯកជន

2017-02-17 19:39:51

 សម្តេចតេជោសែន បានណែនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិ និងស្ថាប័នពាក់ព័ន្ធ ត្រូវចេញវិធាន ការណ៍ម៉ឺងម៉ាត់និងជាបន្ទាន់ ដើម្បីអោយធនាគារឯកជននិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធផ្សព្វ ផ្សាយនិងបណ្តាញទូរគមនាគមន៍ទាំងអស់ ដើម្បីពន្យល់ប្រជាពលរដ្ឋអោយបានដឹងច្បាស់ថា ធនាគារឯកជន មីក្រូហិរញ្ញវត្ថុ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនមួយរយភាគរយ ហើយមិនមែនជារបស់រដ្ឋនោះឡើយ។ ការចេញ បញ្ជានេះ បានស្របនឹងស្ថានការណ៍ឃោសនានយោបាយរបស់គណបក្សប្រកួតប្រជែងខ្លះដែលសន្យាថានឹង ជួយលុបបំបាត់ចោលបំណុលប្រជាពលរដ្ឋដែលជំពាក់ប្រាក់នៅតាមធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុបើសិន ជាពួកគេឈ្នះក្នុងការបោះឆ្នោតដឹកនាំប្រទេស។ ការសន្យានេះ បានបំពុលមនុស្សមួយចំនួនដែលមិនបានយល់ ថាអ្វីជាធនាគាររដ្ឋនិងអ្វីជារបស់ឯកជន ពីព្រោះបំណុលតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារឯកជន មិនអាច អោយអ្នកនយោបាយធ្វើការលុបបំណុលនោះបានទេ។ ប្រសាសន៍ណែនាំមន្ត្រីក្រោមបង្គាប់ដោយត្រូវពន្យល់ ប្រាប់ប្រជាជនអោយដឹងអំពីការខុសគ្នានេះ បានធ្វើក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី១៧កុម្ភៈ។ សម្តេចតេ ជោនៅបានដាក់បទបញ្ជាម៉ឺងម៉ាត់ជាទីបំផុតដល់អាជ្ញាធរថ្នាក់ក្រោមជាតិរួមមាន អាជ្ញាធររាជធានី ខេត្តក្រុង ខ័ណ្ឌ ស្រុក ឃុំសង្កាត់និងភូមិ ទាំងស៊ីវិលនគរបាល និងកងរាជអាវុធហត្ថ ត្រូវបញ្ឈប់និងដកខ្លួនជាបន្ទាន់ពីការចូលរួម ធ្វើសកម្មភាពណាមួយជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលនាំអោយប្រជាពលរដ្ឋមានការយល់ច្រឡំថា ជារបស់រដ្ឋ ដែលការពិតគឺជារបស់ឯកជនសុទ្ធសាធ។ សម្តេចនៅបានបញ្ជាក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការជា បន្ទាន់ជាមួយធនាគារអេស៊ីលីដាដែលបាននិងកំពុងប្រើរូបសញ្ញាហង្ស ធ្វើជានិមិត្តរូបសញ្ញាពាណិជ្ជកម្មរបស់ខ្លួន ដើម្បីអោយធ្វើការផ្លាស់ប្តូររួបសញ្ញាហង្សនេះចេញជាបន្ទាន់ក្នុងរយៈពេល៣សប្តាហ៍យ៉ាងយូរ ពីព្រោះហង្សគឺជា រូបសញ្ញាជាតិដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិងកំពុងប្រើប្រាស់ចៀសវាងការយល់ ច្រឡំរបស់ប្រជា ពលរដ្ឋ។ 

កម្ពុជា
© 2012-2014 ទំនាក់ទំនងរក្សារសិទ្ធគ្រប់យ៉ាងដោយ អវតាន៍នូរ